ដំណេកគឺជាពេលវេលាមួយដែលមនុស្សយើងម្នាក់ៗ ត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ សម្រាប់រាងកាយទាំងមូល និងខួរក្បាលរបស់យើងត្រូវការសំរាក ហើយដំណេកនេះអាចជួយបានច្រើនទៅដល់ការលូតលាស់នៃជាលិកា សម្ពាធឈាម និងសម្អាតទិន្នន័យក្នុងខួរក្បាលរបស់យើងផងដែរ។ ដូចនេះប្រសិនបើយើងមិនបានគេងឱ្យបានគ្រប់គ្រាន់ទេនោះ សុខភាពរបស់យើងក៏ប៉ះពាល់ទៅតាមហ្នឹងដែរ។
កាលពីមុនបញ្ហាគេងអត់លក់កើតមានឡើងច្រើន តែជាមួយមនុស្សស្ថិតវ័យកណ្តាលប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះវិញ មានមនុស្សជាច្រើនកំពុងប្រឈមមុខជាមួយនឹងបញ្ហាគេងអត់លក់នេះ មិនថាមនុស្សវ័យកណ្ដាល ឬក៏វ័យជំទង់ និងយុវវ័យឡើយ សុទ្ធតែកំពុងមានបញ្ហាទៅលើការគេងអត់លក់នេះ។ អញ្ចឹងថ្ងៃនេះ យើងមកស្វែងយល់អំពីចំណុច ៦ យ៉ាងដែលអ្នកវិទ្យាសាស្ត្របានរកឃើញថា ជួយឱ្យលោកអ្នកគេងឆាប់ងងុយគេង និងគេងបានលក់ស្រួល។
- អានសៀវភៅ
នៅពេលដែលលោកអ្នកកំពុងគេងនៅលើគ្រែ ហើយមានអារម្មណ៍ថាគេងអត់លក់នោះ សូមកុំនៅលើគ្រែទៀតអី វាអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែធុញធប់ថែមទៀត។ អញ្ចឹងហើយ យើងគួរតែងើបមកអានសៀវភៅវិញ ព្រោះការអានសៀវភៅជួយធ្វើឱ្យអារម្មណ៍របស់អ្នកទោរទន់ល្អ ហើយងាយនឹងងងុយគេងបានឆាប់។ ម៉្យាងទៀតប្រសិនបើលោកអ្នកទៅអានលំហាត់ និងចំណោទរបស់មុខវិទ្យាគណិត ឬរូបវិទ្យាដែលអ្នកមិនសូវយល់ទៀតនោះ វាកាន់តែធ្វើឱ្យអ្នកងងុយគេងថែមទៀត។ ហេតុដូច្នេះហើយទើប អ្នកចូលចិត្តអានសៀវភៅតែងតែមានកាហ្វេជំនួយ ឬញ៉ាំទឹកឱ្យបានច្រើន ដើម្បីជួយពួកគេមិនឱ្យងងុយគេង។
- ចូលគេងឱ្យបានទៀងម៉ោង
លោកអ្នកគួរតែងកំណត់ទម្លាប់នៃការគេង និងទម្លាប់ក្រោកឱ្យបានទៀងទាត់ល្អ ឧទាហរណ៍ដូចជាទម្លាប់ចូលគេងម៉ោង 10:30 យប់និងក្រោកម៉ោង 5:30 ព្រឹកជាដើម។ នៅពេលដែលអ្នកចូលគេងទៀងម៉ោងល្អជារៀងរាល់ថ្ងៃបានបែបនេះ វានឹងក្លាយទៅជាទម្លាប់មួយ អញ្ចឹងឱ្យតែដល់ម៉ោង 10:30 អ្នកនឹងមានអារម្មណ៍ងងុយគេងតែម្តង ហើយដល់ម៉ោង 5:30 អ្នកនឹងភ្ញាក់ ហើយស្វាងតែម្តង ទោះបីចង់ចូលគេងវិញក៏គេងលែងលក់ដែរ។
- កុំប្រើប្រាស់ទូរស័ព្ទនៅម៉ោងចូលគេង
មនុស្សភាគច្រើននាពេលបច្ចុប្បន្ន មានទម្លាប់ប្រើប្រាស់ទូរស័ព្ទនៅពេលចូលគេង ដែលនេះហើយជាហេតុធ្វើឱ្យពួកគេមានអារម្មណ៍មិនសូវងងុយគេង ដោយសារតែពន្លឺនៃអេក្រង់ដែលបានជះមកលើភ្នែករបស់យើង វាបានទៅបំផ្លាញអរម៉ូនដំណេករបស់យើង ដូចនេះធ្វើឱ្យយើងសមត្ថភាពងងុយគេងរបស់យើង ថយចុះ។ ហើយបើបានលេងហ្គេមទៀតនោះ គឺកាន់តែធ្វើឱ្យជក់ចិត្ត លែងមានអារម្មណ៍ចង់គេងតែម្តង។
- ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណក៏ជាចំណុចសំខាន់មួយ ដែលជួយដល់សរីរាង្គកាយរបស់យើងមានសុខភាពល្អ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយដល់ដំណេករបស់យើងមួយផ្នែកដែរ ព្រោះយើងបានបញ្ចេញញើស និងមានសារជាតិពុលនៅក្នុងខ្លួនរបស់យើងចេញ ហើយក៏ជួយឱ្យយើងគេងឆាប់លក់ផងដែរ ដោយសារតែយើងនឿយហត់អស់កម្លាំង និងការធ្វើពលកម្ម។
- ធ្វើសមាធិ និងបន្ធូរអារម្មណ៍
មនុស្សជាច្រើនបានយល់ច្រលំថាការធ្វើសមាធិ ជាការតាំងសិល្ប៍បែបសាសនា ប៉ុន្តែវាមិនមែនអញ្ចឹងនោះទេ ផ្ទុយទៅវិញសមាធិគឺគ្រាន់តែជាធ្វើលំហាត់ប្រាណផ្នែកផ្លូវចិត្តយើងប៉ុណ្ណោះ ហើយវាមានប្រយោជន៍ជាច្រើនដល់សុខភាពយើង ហើយធ្វើសមាធិនេះត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងកីឡា Yoga។ សមាធិ ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយល្អ កាន់បន្ថយភាពតានតឹង ស្ត្រេស, ជំនួយដល់សម្ពាធឈាម និងចង្វាក់បេះដូង, ជួយដល់ជំងឺបាក់ទឹកចិត្ត និងជួយបានជាច្រើនទៀតនៅក្នុងផ្លូវអារម្មណ៍របស់អ្នក។ ដូចនេះវាក៏ជួយឱ្យយើងអាចគេងពេលយប់បានលក់ស្រួលផងដែរ។
- រាប់លេខនៅពេលគេង
វិធីចុងក្រោយនេះ គឺងាយជាងគេ ហើយសម្រាប់មនុស្សមួយចំនួនប្រាកដជាធ្លាប់បានដឹងរួចមកហើយ ដែលម្តាយឪពុករបស់យើងធ្លាប់បានប្រាប់នៅពេលដែលយើងនៅតូច ឱ្យយើងរាប់លេខដល់ 100 ជាច្រើនដងនៅពេលគេងអត់លក់។ វិធីធ្វើឱ្យអារម្មណ៍របស់ផ្តោតទៅលើអ្វីមួយជាក់លាក់ មិនរវើរវាយ ដូចនេះចិត្តរបស់យើងស្ងប់ស្ងាត់ល្អ ហើយក៏ងាយនឹងទទួលអារម្មណ៍ងងុយគេងដែរ។
ប្រភព៖Cambo-report
No comments:
Post a Comment