បច្ចុប្បន្នទីផ្សារស្មាតហ្វូនពេញនិយមបំផុតមានតែពីរគត់ iOS (iPhone) និង Android។ កន្លងទៅ តែងតែមានការវាយប្រហារពីអ្នកគាំទ្រលើ iOS និង Android លើចំណុចខ្វះខាតរបស់គូប្រកួតប្រជែង។ ការពិតទៅទាំង Android និង iOS សុទ្ធតែមានចំណុចខ្លាំងនិងចំណុចខ្សោយដូចៗគ្នា អាស្រ័យលើការពេញចិត្តនិងតម្រូវការប្រើប្រាស់ផ្សេងៗ។
ចឹង កុំឈឺក្បាល មើលការប្រៀបធៀបតើ iOS និង Android ខ្សោយត្រង់ណា ខ្លាំងត្រង់ណា?
១.ការប្រើប្រាស់
កាល iPhone ចេញនៅឆ្នាំ ២០០៧ មានគូប្រជែងធំៗ ២ មានពពួកស្មាតហ្វូន Windows Mobile និង Nokia Symbian ទើបកាលនោះគេច្រើនលើកឡើងថា iPhone ស្រួលប្រើ ព្រោះផ្ទៃកម្មវិធីមិនស្មុគស្មាញច្រើន។
ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិវត្តនៃ Android ក៏បានហូរចូលទីផ្សារកាន់តែខ្លាំង។ ការប្រើប្រាស់ ក្រៅពីសាមញ្ញនិងងាយស្រួល ទៀតសោតវាក៏ផ្ដល់ឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងលើដំណើរការមុខងារមួយចំនួនបានទូលាយជាង iPhone។
២.រូបរាងនិងតម្លៃ
គ្រប់ម៉ូដែល iPhone ដាក់បង្ហាញថ្លៃមិនមានក្រោម ៥០០ ដុល្លារនោះទេ ប៉ុន្តែការសម្រិតសម្រាំងរូបរាងស័ក្កសមតម្លៃ។ ចំណែកទូរសព្ទពពួក Android វិញមានច្រើនម៉ូដែលមានទាំងតម្លៃក្បែរ ១០០ ដុល្លារក៏មាន និងខ្លះទៀតថ្លៃដល់ក្បែរពាន់ដុល្លារក៏មាន។
៣.ប្រព័ន្ធប្រតិបត្តិ
Android ជាប្រព័ន្ធប្រតិបត្តិ Open Source ខណៈ iOS ជា Close Source។ ខុសគ្នាត្រង់ iPhone មិនអាចប្រើមុខងារសម្បូរបែបដូច Android បានឡើយ ដូចជាការគ្រប់គ្រងចម្រៀង អ្នកត្រូវឆ្លងកាត់ iTunes ខុសពី Android មានជម្រើសជាច្រើន អាចឲ្យអ្នកបញ្ចូលដោយពុំចាំបាច់មានកុំព្យូទ័រក៏បាន។
៤.ជំនួយការឆ្លាតវៃ
នេះជាការប្រៀបធៀបរវាង Google Assistant និង Siri។ ប្រសិនជាអ្នកមានតម្រូវការប្រើប្រាស់លើ Google Calendar, Google Maps និងកម្មវិធីមួយចំនួនទៀតបង្កើតដោយ Google អាចនិយាយថាជំនួយការរបស់ Android ធ្វើបានប្រសើរជាង Siri។ ប៉ុន្តែបញ្ជាក់ថាចំណុចនេះ ហាក់មិនជាចាំបាច់ខ្លាំង សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកយើងឡើយ។
៥.ពេលវេលាអាប់ដែត
ចំណុចនេះ iPhone ជាអ្នកឈ្នះ ព្រោះប្រព័ន្ធប្រតិបត្តិនៃ iPhone បង្កើតដោយ Apple ផ្ទាល់ ខុសពីក្រុមហ៊ុនផលិតស្មាតហ្វូន Android ត្រូវពឹងពាក់លើក្រុមហ៊ុន Google។ បើកាលណាចេញ OS ថ្មី Google ត្រូវទម្លាក់ឲ្យស្មាតហ្វូនខ្លួនជាមុន ជាហេតុធ្វើឲ្យអ្នកប្រើស្មាតហ្វូន Adroid ដទៃ ត្រូវចំណាយពេលរង់ចាំយូរបន្តិច។
៦.ប្រព័ន្ធសុវត្ថិភាព
បើនិយាយពីការទាញយកកម្មវិធីពី Google Play Store និង App Store អាចនិយាយថាទាំងពីរមានប្រព័ន្ធសុវត្ថិភាពប្រហាក់ប្រហែលគ្នា។ តាមរបាយការណ៍មួយកម្មវិធីសរុបលើ Play Store មាន ០.១៦ ភាគរយផ្ទុកមេរោគ ខណៈ Apple ពុំមានសុទ្ធសាធ។ អ្នកប្រើ Android ជួបបញ្ហាគាំងម៉ាស៊ីននិងមេរោគច្រើន លើកលែងតែទាញយកកម្មវិធីពីប្រភពខាងក្រៅមិនច្បាស់លាស់ណាមួយ។
៧.ឧបករណ៍ប្រើប្រាស់
សម្រាប់រន្ធដោតនៃ USB របស់ Android ច្រើនគាំទ្រជាមួយឧបករណ៍ដទៃទៀតដូចជាកាមេរ៉ាអ្វីជាដើម ប៉ុន្តែ iPhone វិញ អ្នកត្រូវប្រើខ្សែ Lightning ដែលនោះប្រើបានតែលើ iPhone មួយមុខគត់។
៨.ថាមពលថ្មនិងការសាក
ជាទូទៅស្មាតហ្វូន Android មានការលើកឡើងច្រើនថាកាន់ថ្មជាង iPhone ហើយអ្នកប្រើប្រាស់មិនសូវសាកថ្មញឹកញាប់ដូច iPhone នោះឡើយ។ ចំពោះការសាកថ្មវិញ គិតថាស្មើគ្នាព្រោះបច្ចុប្បន្នមុខងារសាកថ្មរហ័ស ទាំង iPhone និង Android សុទ្ធមានដូចគ្នាទាំងអស់។
៩.សេវា Cloud
ការផ្ទុកឯកសារលើប្រព័ន្ធអ៊ីនធឺណិត Cloud សម្រាប់ iPhone មាន iCloud និង iCloud Photo Library។ ខណៈ Android មាន Google Photos ចំណុចនេះ សំខាន់លើការប្រើប្រាស់ផ្ទាល់របស់បុគ្គលម្នាក់ៗ។
១០.វីដេអូខល ការប្រើមុខងារទាក់ទងតាម Video Call សូមសរសើរ iPhone ដែលមានកម្មវិធី FaceTimes មកពីនាយស្រាប់ ងាយស្រួលប្រើ និងរហ័ស។ ចំពោះ Android មិនមានទេ ប៉ុន្តែអ្នកអាចដំឡើងពីខាងក្រៅមកប្រើបានដូចគ្នា។
១១.កាមេរ៉ា
ចំណុចនេះអាចពិបាកវាយតម្លៃបំផុត ព្រោះវាពឹងផ្អែកលើការពេញចិត្តរបស់អ្នកផ្ទាល់។ ខណៈស្មាតហ្វូនទាំង Android និង iPhone ដែលមានតម្លៃក្បែរពាន់ដុល្លារបច្ចុប្បន្ន ពេលខ្លះសឹងតែរកចំណុចខ្សោយមិនឃើញពីសមត្ថភាពរបស់វាឡើយ ប៉ុន្តែអ្នកត្រូវដឹងថាបច្ចុប្បន្នស្មាតហ្វូនមានកាមេរ៉ាល្អបំផុតក្នុងលោកគឺ Google Pixel 2។
១២.កម្មវិធីប្រើ
មិនលើសខ្វះគ្នា ដោយលើ Google Play មានកម្មវិធី-ហ្គេមជាង ២.៨ លាន ខណៈ App Store មាន ២.២ លាន។ ទាំងកម្មវិធីហ្គេមពេញនិយម សុទ្ធសឹងតែមានប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិទាំងពីរ។
សរុបរួម បើអ្នកមានថវិកាច្រើន អ្នកអាចលៃលករវាងជម្រើសទាំង ២ ប៉ុន្តែបើអ្នកមានថវិកាមិនខ្ពស់ពេក ជម្រើសល្អបំផុតគឺ Android ទាំងថាមពលថ្មកាន់បានយូរនិងជម្រើសកម្មវិធីប្រើបានធំទូលាយ។ ប៉ុន្តែក៏មិនប្រាកដថាការរើសយក iPhone មកប្រើខុសនោះទេ នេះផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នក ភាពងាយស្រួលប្រើ និងរូបរាងដ៏ស៊ីវិល័យរបស់វា។
ប្រភព៖Sabay
No comments:
Post a Comment