យ៉ាងហោចណាស់ក៏មានម្ដងដែរនៅក្នុងជីវិត ដែលអ្នកធ្លាប់ឮគេនិយាយថា៖ “ពេលវេលាជាមាសប្រាក់”។ អ្នកប្រាកដជាអាចយល់បានពីអត្ថន័យជារួមរបស់ពាក្យមួយឃ្លានេះក្នុងការដាស់តឿនអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ដើម្បីធ្វើនូវអ្វីដែលមានតម្លៃក្នុងរយៈពេលដែលមានកំណត់តែ២៤ម៉ោងនេះ។ មនុស្សម្នាក់ៗមានគំនិតខុសៗគ្នាទៅលើបញ្ហាតែមួយ។ ប៉ុន្តែតើឃ្លាថាពេលវេលាជាមាសប្រាក់នេះ មានបង្កប់នូវអត្ថន័យអ្វីបន្ថែមលើសពីនេះទៀតទេ ?
របៀបប្រើប្រាស់ពេលវេលារបស់មនុស្សម្នាក់ៗ អាចកំណត់បានពីភាពជោគជ័យនិងបរាជ័យក្នុងជីវិតរបស់ពួកគេបាន។ តាមពិតទៅបុគ្គលជោគជ័យពុំមែនជាបុគ្គលដែលមមាញឹកឥតឈប់ឈរដូចអ្វីដែលមនុស្សជាច្រើនសម្លឹងឃើញពួកគេនោះទេ ប៉ុន្តែពួកគេជោគជ័យគឺដោយសារតែពួកគេចេះប្រើប្រាស់ពេលវេលារបស់ខ្លួនយ៉ាងមានគុណភាពទៅវិញទេ។ មមាញឹកមិនមែនមានន័យថាគុណភាពនិងប្រសិទ្ធភាពនោះឡើយ។
តើអ្នកមមាញឹកទៅលើការងារអ្វី នេះទើបជាសំណួរសំខាន់ដែលអ្នកត្រូវសួរខ្លួនឯង។ បុគ្គលជោគជ័យដឹងថាអ្វីដែលគួរលះបង់ ហើយអ្វីដែលគួរយកចិត្តទុកដាក់ធ្វើ ពោលគឺពួកគេស្គាល់ថាអ្វីទៅដែលសំខាន់ពិតប្រាកដសម្រាប់ពួកគេ។ អ្នកអាចនឹងមមាញឹកជារៀងរាល់ថ្ងៃស្ទើរតែគ្មានពេលទទួលទានអាហារស្រួលបួល ប៉ុន្តែការងារដែលអ្នកមមាញឹកជាមួយទាំងនោះអាចជាការងារឥតប្រយោជន៍និងខាតបង់ពេលវេលាក៏ថាបានដែរ ដរាបណាអ្នកមិនស្គាល់ថាអ្វីសំខាន់សម្រាប់ខ្លួនឯងពិតប្រាកដនោះ។
អ្នកអាចនឹងវីវក់ម្ដងត្រូវរត់ទៅលិច ម្ដងត្រូវរត់ទៅកើត ប៉ុន្តែចុងក្រោយភាពមមាញឹករបស់អ្នកហាក់ដូចជាមិនបានផ្ដល់សេចក្ដីសុខនិងគុណភាពអ្វីសោះដល់ជីវិតរបស់អ្នក។ តាមពិតទៅអ្នកអាចនឹងមមាញឹករវល់ចាំតែឆ្លើយតបជាមួយនឹងឥទ្ធិពលខាងក្រៅដែលមានមកលើអ្នកក៏ថាបាន។ វាអាចប្រដូចបាននឹងអារម្មណ៍ឆេវឆាវដែលគ្មានវិចារណញ្ញាណបែងចែកខុសត្រូវនៅគ្រប់គ្រង ហើយចាំតែឆ្លើយតប នៅពេលដែលឥទ្ធិពលខាងក្រៅណារំញោចមកលើអ្នកដូចគ្នាដែរ។
ការស្គាល់ពីតម្លៃនៃពេលវេលាជាមាសប្រាក់ គឺជាការស្គាល់ថាពេលណាដែលគួរដកថយមួយជំហាន ដើម្បីមកមើលរូបភាពរួម និងត្រួតពិនិត្យមើលមកការគិតខាងក្នុងរបស់ខ្លួនយ៉ាងហ្មត់ចត់ឡើងវិញ ដើម្បីដាស់ចិត្តគំនិតដែលជាគោលតម្លៃនិងឧត្ដមគតិខាងក្នុងរបស់អ្នកឲ្យភ្ញាក់ឡើង មិនមែនចាំតែឆ្លើយតបនឹងប្រតិកម្មដែលរំញោចអ្នកពីខាងក្រៅនោះឡើយ ពុំនោះទេជីវិតអ្នកនឹងត្រូវបានគ្រប់គ្រងដោយអំណាចពីខាងក្រៅ មិនមែនជារូបអ្នកនោះឡើយ។
ថូម៉ាស់ អេឌីសាន់ ធ្លាប់និយាយថា៖ “រវល់មិនមែនសុទ្ធតែមានន័យថាជាការងារពិតប្រាកដឡើយ។ គោលដៅនៃការងារទាំងអស់គឺដើម្បីសម្រេចឲ្យបាននូវការផលិតនិងសមិទ្ធផល ហើយដើម្បីឈានដល់មួយក្នុងចំណោមទាំងពីរនេះ ចាំបាច់ត្រូវមានការគិតគូរប្រមើលជាមុន ប្រព័ន្ធ ផែនការ ប្រាជ្ញា និងគោលដៅដ៏ស្មោះត្រង់ រួមទាំងការតស៊ូប្រឹងប្រែងផងដែរ។ ឃើញដូចជាធ្វើមិនមែនជាការធ្វើពិតប្រាកដនោះឡើយ”៕
No comments:
Post a Comment