ក្រុមហ៊ុន Seagate គឺជាក្រុមហ៊ុន បច្ចេកវិទ្យា ខាងបង្កើត និងលក់ Hard Drive ដ៏ល្បីល្បាញមួយ សម្រាប់កុំព្យូទ័រ នាពេល បច្ចុប្បន្ននេះ។ ក្រុមហ៊ុន Seagate បានខិតខំ យ៉ាងខ្លាំង ក្នុងការបង្កើត Hard Drive ថ្មីៗរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុន ដទៃខាងផ្នែក ទីផ្សារ។ ហើយប៉ុន្មានថ្ងៃមុននេះ Seagate ទើបបាន ប្រកាសចេញនូវ ទំហំ 10TB ជាមួយតម្លៃ 534$ ឯណោះ។
ថ្មីៗនេះទៀតក្រុមហ៊ុនមួយនេះដដែលបានប្រកាស ចេញដោយ ពង្រីកទំហំ HDD កាន់តែធំ មួយទៀតហើយ។ ដោយលើកនេះ ទំហំដល់ទៅ 12TB ឯណោះ និងមានឈ្មោះ ដដែលថា Barracuda Pro ។ វាជា HDD សម្រាប់ ប្រើប្រាស់ តែជាមួយ ម៉ាស៊ីន Desktop ឬកុំព្យូទ័រ លើតុប៉ុណ្ណោះ ក្នុងទំហំ 3.5 អ៊ីញ។ Barracuda Pro មានវិមាត្រ 14.7 x 10.19 x 2.61 សង់ទីម៉ែត្រ ទម្ងន់ត្រឹមតែ 650 ក្រាម ទំហំ Cache ដល់ទៅ 256MB ក៏ដូចជាល្បឿន រង្វិលជុំនៃ Hard Disk មានសន្ទុះដល់ 7200 ជុំក្នុង មួយនាទី ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ចេញចូល ក៏ដូចជា ធ្វើការ Copy ឯកសារ បានលឿនបំផុត ដល់ទៅ 220MB ក្នុង 1 វិនាទី។ បើប្រៀបធៀប ទៅសន្ទុះល្បឿន គឺដូចទៅនឹង 10TB ក្រុមហ៊ុន Seagate ចេញលើក មុនដដែល គ្រាន់តែលើកនេះ ក្រុមហ៊ុនបាន ពង្រីកទំហំ ផ្ទុកកាន់តែ ធំប៉ុណ្ណោះ ហើយគោលដៅនៃ HDD នេះ នោះគឺសម្រាប់ ផ្ទុកវីដេអូធំៗ ក៏ដូចជា 4K AR និង VR ជាដើម។ Barracuda Pro នឹងត្រៀមចេញ លក់នាប៉ុន្មានខែ ខាងមុខនេះ ជាមួយតម្លៃ 530$ បូករួមទាំង ការធានា 5 ឆ្នាំទៀតផង។
ការបញ្ចេញ 12TB របស់ Seagate លើកនេះ គឺជាភាពអស្ចារ្យ នៃក្រុមហ៊ុន មួយនេះក៏មាន ភាពជឿនលឿន ខ្ពស់ផងដែរ ដោយខ្លួនមាន HDD ទំហំធំ ជាងគេលើលោក បែបនេះ។ ហើយ Hard Disk នេះអាច វត្តមាន នៅក្នុងស្រុក ខ្មែរយើងដែរ ដោយតម្លៃថ្លៃជាង បន្តិចទៀតផង។
ប្រភព៖Sabay
No comments:
Post a Comment