កម្ពុជា ត្រូវការចំណាយខ្ទង់ ១៥០ លានដុល្លារ សម្រាប់គម្រោងបង្ហោះផ្កាយរណបលើកដំបូងទៅកាន់អវកាស ដែលអាចចាប់ផ្ដើមនា ឆ្នាំ ២០២១។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃនិយ័តករទូរគមនាគមន៍កម្ពុជា(TRC) កាលពីថ្ងៃចន្ទកន្លងទៅ។នៅក្នុងសិក្ខាសាលា "ការវាស់ស្ទង់តម្រូវការទីផ្សារសម្រាប់គម្រោងបង្ហោះផ្កាយរណប" ដែលមានការចូលរួមពីអ្នកតំណាងមកពី ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍(MoPT) និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) កាលពីដើមសប្តាហ៍នេះ បានសង្កត់ធ្ងន់ទៅលើកិច្ចពិភាក្សាលើលទ្ធភាពនៃការបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ប្រទេសកម្ពុជា។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានថ្លែងថា គម្រោងការបង្ហោះផ្កាយរណបនេះគឺរដ្ឋាភិបាលបានគ្រោងទុកជាយូរយារណាស់មកហើយ។ ការអនុវត្តកិច្ចការនេះបានមិនជារឿងងាយស្រួលប៉ុន្មាននោះទេ ដោយសារវាមានការចំណាយធំធេងពេក។
លោកបានលើកពីក្រុមហ៊ុន Royal Blue Skies ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group និងក្រុមហ៊ុន Great Wall Industry Corporation ដែលមានមូលដ្ឋានមកពីប្រទេសចិន កំពុងសិក្សាលទ្ធភាពដើម្បីអភិវឌ្ឍគម្រោងនេះ។លោកបានលើកឡើងថា ការវិនិយោគអាចចំណាយប្រហែលជា ១៥០ លានដុល្លារ។ ការចំណាយពេលអភិវឌ្ឍគម្រោងអាចតិចជាងបណ្ដាប្រទេសដទៃ ដោយសារមានដៃគូសហការដូចជា ក្រុមហ៊ុន Great Wall Industry Corporation ដែលធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើគម្រោងបាញ់បង្ហោះផ្កាយរណបជាមួយប្រទេសឡាវ កាលពីឆ្នាំ ២០១៥។
លោកបញ្ជាក់ថា ប្រសិនបើអ្វីៗគ្រប់យ៉ាងរៀបរយទៅមុខ កម្ពុជានឹងបាញ់បង្ហោះផ្កាយរណបចូលក្នុងគន្លងអវកាសនៅឆ្នាំ ២០២១ ឬ ២០២២។
លោកថា នៅពេលដែលកម្ពុជាមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន អាចសបញ្ជាក់ឲ្យឃើញពីស្វ័យភាពលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាមួយប្រទេសក្នុងតំបន់។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានជំរុញសម្រាប់ការសិក្សាលទ្ធភាពឲ្យបានឆាប់ លើគម្រោងបាញ់បង្ហោះផ្កាយរណបទៅគន្លងអវកាស។
ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កន្លងទៅ សម្តេចបានបញ្ជាក់ថា កម្ពុជាគួរតែមានផ្កាយរណបផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ពីឯករាជ្រភាពនិងផ្តល់សេវាអ៊ីនធើណិតល្បឿនលឿនសម្រាប់ពលរដ្ឋប្រើប្រាស់ និងការចូលរួមដល់ការអភិវឌ្ឍជាតិ។
No comments:
Post a Comment