iPhone 8 និង 8Plus ដែលបានបង្ហាញខ្លួនអំឡុងខែកញ្ញា និងបានចាប់ផ្ដើមលក់នៅទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី ២២ កញ្ញា ២០១៧ គិតមកដល់ពេលនេះមានរយៈពេលជាងកន្លះខែហើយ។
តាមប្រភពហាងដែល Sabay បានសាកសួរលើកឡើងពីការធ្លាក់ចុះតម្រូវការទិញប្រើប្រាស់ នៅពេលហាងមួយចំនួនបញ្ជាក់ថាការលក់ធ្លាក់ជាង ៥០ ភាគរយ។បើតាមការបញ្ជាក់ពីបុគ្គលិកលក់នៅហាក់លក់ទូរសព្ទមួយនៅម្ដុំផ្សារថ្មីបានប្រាប់ Sabay ថា iPhone ជំនាន់ថ្មី ការលក់មានការធ្លាក់ចុះបើធៀប iPhone ស៊េរីមុនៗ។
ក្រោយពេល Apple ប្រកាសចេញលក់ iPhone ស៊េរីថ្មីមក មានអ្នកចាប់អារម្មណ៍ច្រើនដែរ តែដោយសារមានម៉ូឌែលមួយទៀតគឺ iPhone X ដែលត្រៀមនិងចេញនៅខែធ្នូខាងមុខ ទើបធ្វើឲ្យអតិថិជនមិនសូវចាប់អារម្មណ៍។ នេះការលើកឡើងរបស់បុគ្គលិកលក់រូបនេះ។មិនខុសគ្នានេះ លោក គាម សោភ័ណ ជាម្ចាស់ហាងលក់ទូរសព្ធ 3Plus នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមបានឲ្យដឹងថា 8 និង 8Plus ស៊េរីថ្មីនេះ ការលក់ដំបូង មានការធ្លាក់ចុះច្រើន។
លោកមើលឃើញថា អតិថិជនភាគច្រើនពុំទាន់ចង់ប្ដូរឡើងស៊េរីថ្មីព្រោះប្រើ iPhone 7 មិនទាន់សាំ ណាមួយវាមានរូបរាងស្រដៀងគ្នា ទោះសមត្ថភាពខុសគ្នាពិតមែន។ លោកលើកឡើងបន្ថែមថា អាចអតិថិជននៅរង់ចាំទិញ iPhone X ដែលក្រុមហ៊ុន Apple ត្រៀមបញ្ចេញលក់នៅចុងឆ្នាំនេះ។ងាកមកស្ដាប់ការរៀបរាប់ពីម្ចាស់ហាងម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះក៏ទទួលស្គាល់ថាសម្រាប់ទីផ្សារលក់ចុះសម្រាប់iPhone 8 និង 8 Plus។
"លក់មិនបាន 50% ផង អ្នកទិញភាគច្រើនពុំទាន់ចង់ប្ដូរស៊េរីពួកគេនៅរង់ចាំប្ដូរយក iPhone X តែម្ដង"។
លោកបញ្ជាក់ថា ឆ្នាំ២០១៧ នេះ មានចេញទូរសព្ទម៉ូឌែលផ្សេងៗច្រើន ដែលធ្វើឲ្យអ្នកប្រើមួយងាកទៅសាកម៉ាកផ្សេងៗក្រៅពី Apple។
ចំពោះតម្លៃ ម្ចាស់ហាងដដែលប្រាប់ថា មិនសូវខុសគ្នាប៉ុន្មានទេ។
ប្រភព៖ Sabay
No comments:
Post a Comment